នាថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស. ២០២៥ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ " រួមគា្នដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ " ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ។ ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ គឺផ្ដោតទៅលើ ការអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក ។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលរាប់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអាណត្តិទី៧នេះ បានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលមានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្ត សប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិតផងដែរ ៕